នៅល្ងាចថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ នេះ មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើន មានការភិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំងពីតារាចម្រៀង លោក ករុណា ពេជ្រ បន្ទាប់ពីឃើញ លោកបានបង្ហោះសារមួយភ្ជាប់ជាមួយនឹងរូបភាព ដែលគេឃើញថា មានបុរសពាក់ឈុតការពារប៉ុន្មាននាក់ ដែលជាឈុតការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ នោះ បានទៅដល់ក្នុងផ្ទះរបស់លោកតែម្ដង ។
ក្រៅពីឃើញរូបភាពនេះ តារាចម្រៀងរូបនេះ កាន់តែធ្វើឱ្យមហាជនបុកពោះទៅទៀត គឺ បន្ទាប់អានសាររបស់លោក ដែលមិនបានបញ្ជាក់អ្វីច្បាស់លាស់ គ្រាន់តែនិយាយបែបនេះថា «ចេញពី studio បានកាដូធំហ្មង ថ្ងៃមុន ផ្ទះគេ ថ្ងៃនេះ មកដល់ផ្ទះខ្ញុំហើយ បងប្អូនអើយ 3 ការពារ 3 កុំ »។
ខណៈនោះដែរ បន្ទាប់ពីឃើញរូបភាព និងសារនោះភ្លាម ធ្វើឱ្យមហាជនអ្នកគាំទ្រ ជាពិសេសសិល្បករ-ការិនីរួមអាជីជាច្រើន ក៏បាននាំគ្នាចូលខមមិនសួរសុខទុក្ខភ្លាមៗដល់តារាចម្រៀងប្រុសរូបនេះ ដែលចង់ដឹងថា តើលោកនិងគ្រួសារកើតអ្វី ឬមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឬមួយយ៉ាងណានោះ ។
បន្ទាប់ពីឃើញមានការសួរនាំ និង មានការព្រួយបារម្ភយ៉ាងច្រើនពីសំណាក់មហាជន និងមិត្តក្នុងសិល្បៈនោះ តារាចម្រៀងប្រុសរូបនេះ ក៏បានចូលទៅខមមិនឆ្លើយតបវិញ ដោយបានបញ្ជាក់ថា «អូហ៎ ផ្ទះខ្ញុំ ក្រុមហ៊ុន rainbow គេ free បាញ់សម្លាប់មេរោគ» ។
ទន្ទឹមនឹងនោះដែរ ក្រោយពីឃើញការឆ្លើយតបរបស់តារាចម្រៀងរូបនេះ ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រ មានការធូរចិត្តអស់បារម្ភពីលោកតែម្ដង ព្រមទាំងមានការជូនពរ រូបលោក និង គ្រួសារឱ្យចៀសផុតពីជំងឺនេះគ្រប់គ្នាផងដែរ ៕