ឃើញហើយស្រណោះណាស់! ព្រោះតែរកលុយមើលជំងឺកូនវ័យ ៨៨ ឆ្នាំហើយ នៅទូលអំបោសដើរលក់តាមផ្ទះត្រុកៗទៀត…

លោកយាយវ័យចំណាស់ម្នាក់ តស៊ូទូលអំបោសដើរលក់ត្រុកៗតែម្នាក់ឯង តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ទើបត្រឡប់ទៅផ្ទះវិញ គ្រាន់នឹងបានលុយតិចតួចដើម្បីផ្គត់ផ្គង់ការចំណាយលើខ្លួនឯង និង សម្រាប់ជួយព្យាបាលកូនស្រីពៅដែលមានជំងឺរ៉ាំរៃប្រចាំកាយក្រោកពុំរួច ។

ថ្លែងប្រាប់សារព័ត៌មាន «ប្រជាប្រិយ» ចៅស្រីរបស់លោកយាយដ៏តស៊ូមួយរូបនេះ បានលើកឡើងថា លោកយាយមានឈ្មោះ យឹម ឡាត មានអាយុ ៨៨ ឆ្នាំ មានមុខរបរជាអ្នកលក់អំបោស ស្នាក់នៅបន្ទប់ជួលជាមួយកូនស្រីពៅមានជំងឺប្រចាំកាយ និង ចៅស្រី មានមុខរបរជាកម្មការិនីរោងចក្រ ស្ថិតនៅក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជារៀងរាល់ព្រឹកលោកយាយតែងធ្វើដំណើរដោយថ្មើជើង ឬ ពេលខ្លះត្រូវជួលម៉ូតូឌុបជិះរកកន្លែងដែលមានមនុស្សម្នាច្រើនដើម្បីស្វែងរកម៉ូយទិញអំបោស ដោយលោកយាយបានប្រកបរបរនេះអស់រយៈពេល ៤ ឆ្នាំមកហើយ ។ ក្នុងអំបោសមួយ អាចចំណេញបានពី ៥០០ រៀលទៅ ២០០០ រៀល តែក្នុងមួយថ្ងៃៗ លោកយាយលក់មិនសូវដាច់ឡើយ ដោយរកបានលុយប្រមាណ ១ ម៉ឺនរៀលក៏មាន ហើយមានថ្ងៃខ្លះរកលុយឱ្យថ្លៃម៉ូតូឌុបមិនបានផង ។

ចៅស្រីរបស់លោកយាយដ៏តស៊ូខាងលើនេះ ក៏បានបញ្ជាក់បន្ថែមថា បន្ទាប់ពីលោកតាលាចាកលោកទៅ អម្រែកដ៏ធ្ងន់ទាំងអស់ត្រូវធ្លាក់មកលើខ្លួនលោកយាយ ដោយត្រូវចិញ្ចឹមកូនៗចំនួន ៥ នាក់ ។ ដោយឡែក រយៈពេល ១០ ឆ្នាំចុងក្រោយនេះ លោកយាយបានចាកចេញពីស្រុកកំណើតឯខេត្តព្រៃវែង មករស់នៅជាមួយកូនស្រីពៅ និង ចៅស្រីតែម្តង ៕

Related posts

Leave a Comment