ឃើញហើយគួរឱ្យអាណិត! អាយុទើបតែ ១ ខួបសោះ បែរជារលាកសួតធ្ងន់ធ្ងរបំផុត ដោយសារកូវីដ-១៩

ជំងឺកូវីដ-១៩ បាន និង កំពុងបន្តរាលដាលនៅក្នុងសហគមន៍នៅកម្ពុជា ពុំទាន់កាត់ផ្ដាច់ខ្សែចម្លងបានឡើយ ខណៈមានអ្នកជំងឺត្រូវឡើងឡានពេទ្យ ទៅសម្រាកព្យាបាល មានទាំងចាស់ជរា យុវវ័យ ជាពិសេសគឺកុមារ ដែលគួរឱ្យអាណិតជាពន់ពេក។

ជាក់ស្ដែង ថ្មីៗនេះ មានកុមារាម្នាក់ ដែលមានអាយុទើបតែ ១ ខួប បែរជាត្រូវទទួលរងនូវជំងឺរលាកសួតធ្ងន់ធ្ងរបំផុត ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ ដែលតម្រូវឱ្យរូបគេស្នាក់នៅ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ជាមួយម្ដាយដែលកើតកូវីដ-១៩ អស់រយៈពេលស្ទើរតែជិតមួយខែទៅហើយ ទម្រាំតែបានជាសះស្បើយជាធម្មតាមកវិញ ។

ក្រោយការព្យាបាលអស់រយៈពេល ២១ ថ្ងៃ កុមារាខាងលើ បានជាសះស្បើយពីអាការរលាកសួតធ្ងន់ធ្ងរ ដែលបង្កដោយជំងឺកូវីដ-១៩ ក្រោមការមើលថែយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យ យុទ្ធជនអាវសគន្ធបុប្ផា គ្រប់វេនយាមដែលបានរួមសុខទុក្ខ មើលថែ និង ព្យាបាល កុមារាតូចម្នាក់នេះ ឱ្យបានជាសះស្បើយជាស្ថាពរ ។ មកទល់ពេលនេះ ក្មេងប្រុសតូច និង ម្ដាយរបស់ខ្លួន បានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម ក្រោយទទួលបានការព្យាបាលយ៉ាងដិតដល់ និង ពុំចំណាយថវិកាក្នុងការព្យាបាលនោះឡើយ ៕

Related posts

Leave a Comment