ពិតជាអគុណខ្លាំងណាស់! មិត្តជប៉ុន ជូនម៉ូតូ ៤០០ គ្រឿងថ្មីចែសមកកម្ពុជា ពង្រឹងសមត្ថភាពទប់ស្កាត់កូវីដ-១៩

ជប៉ុន បានធ្វើពិធីប្រគល់-ទទួលម៉ូតូ ចំនួន ៤០០ គ្រឿង ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ «គម្រោងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា» របស់ចៃកា (JICA) នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ។

តាមរយៈ ពិធីប្រគល់-ទទួលម៉ូតូចំនួន ៤០០ គ្រឿង នេះ ត្រូវបានប្រារព្វឡើង នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា។

តាមរយៈការប្រគល់អំណោយនេះ គឺធ្វើឡើងដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និង យុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល។

បន្ថែមលើសពីនេះ ទីភ្នាក់ងារ JICA នឹងបន្តសហការ ជាមួយក្រសួងសុខាភិបាល ដើម្បីផ្តល់នូវឧបករណ៍ និង ការគាំទ្រ ផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀត ក្នុងកំឡុងពេលដ៏លំបាក នៃជំងឺរាតត្បាតនេះ។ ក្នុងនោះ JICA ក៏សង្ឃឹមថា ការគាំទ្រទាំងនេះ នឹងអាចជួយដល់បុគ្គលិកសុខាភិបាល ដែលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

Related posts

Leave a Comment