ក្រោយពីទទួលដំណឹងភ្លាម យក់ ថិតរដ្ឋា រំជួលចិត្តខ្លាំងចំពោះមរណភាព សែម សង្វាត ព្រោះតែអតីតកាលមួយនេះ …

ជាដំណឹងដ៏គួរឱ្យសោកស្ដាយបំផុត ដោយសិល្បកររៀមច្បង លោក សែម សង្វាត បានទទួលមរណភាពហើយ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០១ ខែតុលា ២០២១ នេះ ដោយសារជំងឺប្រចាំកាយ។

កូនប្រុសអតីតតារាចម្រៀង សែម សង្វាត បានប្រកាសដំណឹងដ៏សោកសង្រែងនូវមរណភាពរបស់លោក ឪពុក ធ្វើឱ្យមហាជនរន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះថាលោកទើបតែប្រកាសធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យបាន ១ ថ្ងៃ ក៏លាចាកសោកនេះបាត់ទៅហើយ។

ងាកមកតារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា ដែលធ្លាប់ជាមិត្តរួមក្រុម EV Band ដ៏ល្បីល្បាញកាលពីអតីតកាលវិញ បានបង្ហាញអារម្មណ៍ក្ដុកក្ដួលរំជួលចិត្តជាពន់ពេក បន្ទាប់ពីឮដំណឹងមរណភាពរបស់មិត្តរួមក្រុមរូបនេះ។

អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះសារបង្ហាញពីការអាឡោះអាល័យចំពោះលោក សែម សង្វាត ថា ៖ «នាងខ្ញុំ និង ស្វាមីសូមចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់បងប្រុស សែម សង្វាត ដែលជាអតីតសមាជិក ក្រុម EV Band ផង ចាប់ពីថ្ងៃនេះទៅបងលែងមានជំងឺច្រើនទៀតហើយ សូមបងបានទៅកាន់ សុគតិភព ជាតិក្រោយសូមឱ្យបងមានអាយុវែងជាងនេះណាបងប្រុស ទើបតែបានរំឭកពីបងនៅពេលខ្ញុំ និង ស្វាមីបានថត 3Fun មិនទាន់បានចាក់ផ្សាយផង ខ្ញុំ និង ប្តីគិតថាពេលគេចាក់ផ្សាយនឹងផ្ញើឱ្យបងមើលព្រោះខ្ញុំ និង ប្តីបានរំឭកអនុស្សាវរីយ៍ពីក្រុម EV យើងច្រើនរឿងណាស់»៕

Related posts

Leave a Comment