គួរអោយរំភើបណាស់! គ្រួសារ សីហា ទទួលបានផ្ទះ ​២ ខ្នង ប្រាក់ ២០ លានរៀល ជាអំណោយរបស់សម្ដេច

អភិបាលខេត្តសៀមរាប នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្ហោះគោរពថ្លែងអំណរគុណចំពោះ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនថវិកា ២០ លានរៀល និង សាងសង់ផ្ទះ ២ ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ ៧ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកអភិបាលខេត្តបានបញ្ជាក់ឱ្យដឹងថា ក្រោយពីបានជួបក្មួយប្រុស សីហា និង ក្រុមគ្រួសារ លោកក៏បានឃើញពីការខ្វះខាតខ្លាំងរបស់ប្អូនស្រីម្តាយ សីហា ទៀត ដែលផ្ទះរបស់គាត់ជាខ្ទមតូចធ្វើពីស័ង្កសី ប្រក់ស្លឹក មានសភាពទ្រុឌទ្រោម ទើបលោកអភិបាលខេត្តស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច បន្ថែមផ្ទះមួយខ្នងទៀត ជូនមីងរបស់សីហា។

បន្ថែមលើសពីនេះ ឯកឧត្តមអភិបាល ក៏បានផ្តល់ជូនទូរស័ព្ទដៃមួយគ្រឿង និង ស្បៀងអាហារមួយចំនួនទៀតជូនគ្រួសារ សីហា ផងដែរ ព្រមទាំងបានផ្តាំផ្ញើ ឱ្យឪពុកម្តាយរបស់ សីហា ត្រូវធានាឱ្យបានពីអនាគតនៃការសិក្សារបស់ សីហា ក៏ដូចជាយកឱកាសដ៏កម្រនេះ រៀបចំអនាគតគ្រួសារ និង មុខរបរប្រចាំជីវិតរបស់ខ្លួនឱ្យបានត្រឹមត្រូវ និង ប្រយត្ន័ប្រយែងផងដែរ។

គួររំឭកផងដែរថា កាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ រូបភាពដ៏កម្សត់មួយសន្លឹករបស់ សីហា ដែលស្លៀកពាក់ខោអាវចាស់ ស្ពាយថង់វ៉ាក់សាំងនឹង-ក គ្មានទាំងស្បែកជើងពាក់ បានធ្វើឱ្យមហាជននាំគ្នាអាណិត និង រំជួលចិត្តជាខ្លាំង ត្រូវបានចែកចាយជាបន្តបន្ទាប់នៅក្នុងបណ្ដាញសង្គម រហូតជ្រាបដំណឹងដល់សប្បុរសជន និង ថ្នាក់ដឹកនាំ ទើបនាំឱ្យគ្រួសារ សីហា ចាប់ផ្ដើមទទួលបានការឧបត្ថម្ភជាហូរហែ ដើម្បីចាប់ផ្ដើមរៀបចំអនាគតគ្រួសារ ឱ្យបានប្រសើរជាងមុន៕

Related posts

Leave a Comment