អីយ៉ា!!សម័យកូវីដពិបាករកលុយ តែរបរទាំង ៦ នេះ បែរជាកំពុងសំងំកើបលុយយ៉ាងស្រួល

នាពេលបច្ចុប្បន្ននេះ ការប្រកបរបររកស៊ី ឬធ្វើអាជីវកម្មហាក់ជួបឧបសគ្គ និងបញ្ហាជាច្រើន ព្រោះតែមានវិបត្តិកូវីដ-១៩ ដែលតម្រូវឱ្យមនុស្សភាគច្រើនស្នាក់នៅផ្ទះ បើពុំមានការចាំបាច់កុំចេញក្រៅ ។ មនុស្សជាច្រើនបានបាត់បង់ចំណូល ហើយថែមទាំងត្រូវកាត់បន្ថយការចំណាយ ដែលនេះជាមូលហេតុធំមួយដែលធ្វើឱ្យអាជីវកម្មមួយចំនួនត្រូវបិទទ្វារ និងពិបាកឈរជើងបន្ត។ យ៉ាងណាមិញបើទោះបីជាស្ថានភាពបែបនេះក្តី ប៉ុន្តែមុខរបរប៉ុន្មានមុខនេះហាក់មិនមានជួបបញ្ហាអ្វីច្រើនឡើយ ជាពិសេសគឺអ្នកប្រកបមុខរបរទាំងនេះហាក់កំពុងសំងំកើបលុយយ៉ាងងាយស្រួលថែមទៀត ។ ក្នុងនោះមានដូចជា ៖

១. អ្នកលក់គ្រឿងបរិភោគ អង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេស

អ្នកលក់គ្រឿងបរិភោគដូចជា អង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេស ដូចជា ស្ករ អំបិល ទឹកត្រី មី ត្រីខ ។ល។ គឺហាក់នៅតែអាចបន្តដំណើរការបានដោយរលូន ព្រោះវាជាវត្ថុសំខាន់មួយដែលមនុស្សគ្រប់គ្នាត្រូវការចាំបាច់បំផុត ក្នុងការរស់រាន ដោយអ្នកប្រកបមុខរបរមួយនេះ គឺនៅតែអាចរកលុយបានដូចសព្វមួយដង ជាពិសេសគឺពេលបច្ចុប្បន្ននេះ មនុស្សអាចទិញស្តុកទុកច្រើនជាងរាល់ដង ព្រោះតែបញ្ហាពិបាកចេញចូល និងដើម្បីការពារខ្លួនពីជំងឺឆ្លង ។ បើសិនជាអ្នកប្រកបរបរនេះចេះដើរឱ្យទាន់សម័យ លក់តាមបែបអនឡាញ ដែលធ្វើឱ្យមានងាយស្រួលដល់អ្នកទិញទៀតនោះ ពួកគេអាចរកអ្នកទិញ និងបង្កើនចំណូលបានកាន់តែច្រើន ។

២. អ្នកដឹកជញ្ជូន

យើងសង្កេតឃើញថាក្រុមហ៊ុនដឹកជញ្ជូនហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ព្រោះនាពេលបច្ចុប្បន្ននេះសេវាកម្មដឹកជញ្ជូនគឺមានសារៈសំខាន់ខ្លាំង ដោយពួកគេដើរតួនាទីជាអ្នកនាំទំនិញពីអ្នកលក់ទៅកាន់អ្នកទិញ យ៉ាងឆាប់រហ័ស មានសុវត្ថិភាព និងមានភាពងាយស្រួល ។ បែបនេះប្រាកដណាស់ហើយថាអ្នកដឹកជញ្ជូនក៏កំពុងត្រូវប៉ាន់មិនធម្មតានោះដែរ ។

៣. អ្នកបញ្ចូលហ្គាស

គេឃើញថាមនុស្សភាគច្រើនបានមើលរំលងលើអាជីវកម្មមួយនេះដោយគិតថាវាជាអាជីវកម្មមិនសូវសំខាន់ ផ្ទុយទៅវិញនៅក្នុងសម័យកូវីដនេះ អ្នកប្រកបរបរបញ្ចូលហ្គាស គឺបានកើបលុយយ៉ាងច្រើនសន្ធឹក ព្រោះបច្ចុប្បន្ននេះមនុស្សនៅផ្ទះច្រើនជាងសព្វមួយដង ហើយធ្វើការដាំស្លញឹក ដោយពួកគេពុំសូវបានចេញទទួលទាននៅខាងក្រៅ ជាពិសេសពេលបច្ចុប្បន្ននេះការប្រើហ្គាស គឺពេញនិយមជាងការបង្កាត់ភ្លើងដោយប្រើអូស និងធ្យូងដែលនាំឱ្យមានក្លិន ។

៤. អ្នកផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណេត

ដូចដែលយើងដឹងស្រាប់ហើយថា នៅពេលបច្ចុប្បន្ននេះមនុស្សភាគច្រើនគឺនៅផ្ទះ ហេតុដូចនេះការប្រើប្រាស់ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកផ្សេងៗ គឺប្រើប្រាស់ច្រើនជាងសព្វមួយដង ជាពិសេសសឹងតែគ្រប់ផ្ទះទៅហើយដែលត្រូវប្រើប្រាស់សេវាកម្មទូរស័ព្ទ និងអ៊ីនធឺណេត ដើម្បីបំពេញការងារ និងសិក្សា ។

៥. ហ្វាម៉ាស៊ី និងអ្នកលក់ម៉ាស់ អាកុល ជាមួយទឹកលាងដៃ

ក្រៅពីគ្រឿងហូបចុក និងសេវាកម្មខាងលើ អ្នកបើកហ្វាម៉ាស៊ី លក់គ្រឿងបរិក្ខារពេទ្យ និងថ្នាំសង្កូវ ក៏ហាក់មានភាពមមាញឹក និងកំពុងសំងំរាប់លុយជាច្រើនសន្ធឹកដែរ ដោយយើងសង្កេតឃើញថាតម្រូវការទិញថ្នាំទុកត្រៀមប្រើប្រាស់ គឺមានការកើនឡើងជាងសព្វមួយដង ជាពិសេសគឺថ្នាំប្រភេទក្តៅខ្លួន ផ្តាសាយ និងគ្រឿងធ្វើតេស្តផ្សេងៗ (ជាពិសេសប្រដាប់ធ្វើតេស្តរកមេរោគកូវីដ-១៩) ។ ក្រៅពីនេះអ្នកលក់ម៉ាស់ អាកុល និងទឹកលាងដៃក៏កើបលុយមិនតិចនោះដែរកំឡុងពេលកូវីដនេះ ដោយភាគច្រើនយើងឃើញតម្រូវការមានការកើនឡើង រហូតមានការដាច់ស្តុកជាញឹកញាប់ ។

៦. អ្នកលក់ទំនិញអនឡាញ

ស្របពេលដែលមនុស្សនៅផ្ទះច្រើន ចំណាយពេលប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើនលើសសព្វមួយដង គេបានរកឃើញថាអ្នកលក់ទំនិញតាមអនឡាញភាគច្រើនមិនថាជាសម្លៀកបំពាក់, ស្បែកជើង កាបូប, គ្រឿងសម្អាងការ, គ្រឿងអេឡិចត្រូនិច, ឬក៏ម្ហូបអាហារបែប Fast Food នោះទេ គឺសុទ្ធសឹងតែមានការគាំទ្រ និងរកប្រាក់ចំណូលបានច្រើនមិនធម្មតានោះដែរ ។ ប្រសិនបើអ្នកប្រកបរបរមួយនេះជាមនុស្សពូកែវោហាស័ព្ទ និងចេះវិធីទាក់ទាញភ្ញៀវដូចជាការ Live លក់ជាប្រចាំ មានទាំងប្រូម៉ូសិន មានទាំងចំណីអារម្មណ៍ថ្មីៗប្លែកៗ ច្បាស់ណាស់ថាលុយមិនតិចនោះទេ ដែលពួកគេអង្គុយរាប់ ដោយយើងអាចសង្កេតឃើញថាអ្នកប្រកបអាជីវកម្មអនឡាញមួយជំនួញមានកេរ្តិ៍ឈ្មោះ និងមានសមត្ថភាពទិញផ្ទះ ទិញឡានបានទៀតផង ៕

Related posts

Leave a Comment